កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២០ របស់ក្រុមប្រឹក្សាអ្នកច្បាប់

នាថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០

ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ដែលជាទីប្រឹក្សា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន។

ក្រុមប្រឹក្សាអ្នកច្បាប់ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ បាននិងកំពុងដើរតួនាទីយ៉ាងសកម្ម ជា យន្តការអមទីស្តីការគណៈរដ្ឋមន្រ្តីរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការងារតាក់តែង និងក្នុងការពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ ការធានានូវសន្តិសុខគតិយុត្តនិងសង្គតិភាពគតិយុត្ត ស្របតាមការវិវត្តនៃនយោបាយនិងសេដ្ឋកិច្ចសង្គមកម្ពុជា។

សម្រាប់លទ្ធផលការងារនៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់បានជួយពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សរុបចំនួន១៧៣ នៅក្នុងកិច្ចប្រជុំចំនួន ៥៣១លើក ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន២៨ សេចក្តីព្រាងព្រះរាជក្រឹត្យចំនួន៧ សេចក្តីព្រាងអនុក្រឹត្យចំនួន៥៥ សេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ និងឯកសារផ្សេងៗចំនួន៥៩។ ព្រមជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ក៏បានជួយរៀបចំសេចក្តីព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ចំនួន២៤ ការរៀបចំបែបបទបញ្ជូនសេចក្តីព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន៣០ សម្របសម្រួលឱ្យមានតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់ចំនួន៦៦លើក នៅស្ថាប័ននីតិប្បញ្ញត្តិ និងសម្របសម្រួលការងារសំណួរចម្លើយសភាចំនួន១៨ករណីផងដែរ។

តាមរយៈសមិទ្ធផលការងារនេះបង្ហាញថា ក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានលទ្ធផលការងារជាច្រើនជូនរាជរដ្ឋាភិបាល លើទិដ្ឋភាពច្បាប់និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងគោលបំណងធានាការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតក្នុងឆ្នាំ២០២០ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំឱ្យក្រុមប្រឹក្សា អ្នកច្បាប់ បន្តពង្រឹងគុណភាពនៃការផ្តល់យោបល់និងធាតុចូល ដើម្បីរួមចំណែកដល់ការធានាការគោរពនិងរក្សាឱ្យបាននូវគោលការណ៍សន្តិសុខគតិយុត្តនិងសង្គតិភាពគតិយុត្ត ក្នុងគោលបំណងរក្សាបាននូវតម្លៃគតិយុត្ត និងការអនុវត្តយូរអង្វែង រួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ លើសពីនេះ ត្រូវបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំស្រាវជ្រាវនិងអភិវឌ្ឍសមត្ថភាព និងចែករំលែកបទពិសោធន៍ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ឱ្យកាន់តែប្រសើរ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់ក្រុមប្រឹក្សាអ្នកច្បាប់ បានបញ្ចប់ដោយរលូននិងជោគជ័យ នៅវេលាម៉ោង ១៧ និង ៣០ នាទី។